Labels

Tuesday, November 8, 2011

តើ SEA GAMES ជាអ្វី?


ភ្នំពេញៈ កីឡាករកម្ពុជា ចំនួន ២៣០ រូប កំពុង ចូលរួមយ៉ាងសកម្មក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថា Sea Games លើកទី២៦ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ នេះគួរឱ្យមោទនភាព។ ប៉ុន្តែទន្ទឹមនឹងនេះ កូនខ្មែរជំនាន់ក្រោយខ្លះនៅមិនទាន់យល់ច្បាស់ថា តើកីឡាស៊ីហ្គេមជាអ្វីនៅឡើយ។ ខណៈនេះ ដើមអម្ពិល សូមបង្ហាញពីប្រវត្តិកីឡាស៊ីហ្គេម ដូចខាងក្រោម៖
កីឡាស៊ីហ្គេម មានដើមដំណើតមកពីការប្រកួតកីឡា ឧបទ្វីបអាស៊ីអាគ្នេយ៍ ( Southeast Asian Peninsular Games ឬ SEA Games ) ត្រូវបានប្រារព្ធធ្វើរៀងរាល់២ឆ្នាំម្ដង។ SEA Games ត្រូវបានផ្ដួចផ្ដើមគំនិតដោយ លោក លួង សុខុមណៃប្រាដិត ដែលសម័យនោះ ជាអនុប្រធានគណៈកម្មការអូឡាំពិកថៃ។ មូលហេតុ នៃការស្នើបង្កើតនោះ គឺដើម្បីធ្វើសហប្រតិបត្តិការលើកស្ទួយព្រឹត្តិការណ៍កីឡា ក្នុងតំបន់ និងរឹតចំណងមិត្តភាព និងការយល់ដឹកពីគ្នារវាងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។

សមាជិកដំបូងរួមមាន ថៃ ភូមា ( បច្ចុប្បន្នមីយ៉ាន់ម៉ា) ម៉ាឡេយ៉ា (បច្ចុប្បន្នម៉ាឡេស៊ី ) ឡាវ វៀតណាមខាងត្បូង សិង្ហបុរី និងកម្ពុជា។ ប្រទេសទាំងនេះ យល់ព្រមឱ្យមានការរៀបចំកីឡារៀងរាល់២ឆ្នាំម្ដង។ ពេលនោះ គណៈកម្មការកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ បានលេចរូបរាងឡើង។ កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី១ ធ្វើឡើងនៅថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៥៩ នៅទីក្រុងបាងកក ប្រទេសថៃ ដែលមានកីឡាករ និងមន្ត្រីច្រើនជាង៥២៧នាក់ មកពីប្រទេសថៃ ភូមា ម៉ាឡេស៊ី សិង្ហបុរី វៀតណាមខាងត្បូង និងឡាវ បានចូលរួមក្នុងព្រឹត្តិការណ៍កីឡា១២វិញ្ញាសារ។ នៅក្នុងព្រឹត្តិការណ៍កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៨ ក្នុងឆ្នាំ១៩៧៥ គណៈកម្មការកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ បានពិចារណារាប់បញ្ចូល ឥណ្ឌូនេស៊ី និងហ្វីលីពីន។
នៅឆ្នាំ១៩៧៧ ប្រទេសទាំង២នេះ បានចូលជាផ្លូវការ ហើយគណៈកម្មការនេះ ក៏ប្ដូរឈ្មោះជាគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation(SEAGF) ហើយព្រឹត្តិការណ៍កីឡាក៏ប្ដូរឈ្មោះ ជាកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម (Southeast Asian Games) វិញ។ ប្រ៊ុយណេ ត្រូវបានអនុញ្ញាតឱ្យចូលនៅស៊ីហ្គេមលើកទី១០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនស៊ី។ ចំណែកទីម័រខាងកើត ត្រូវបានអនុញ្ញាតឱ្យចូលរួមនៅស៊ីហ្គេមលើកទី២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ប្រវត្តិនៃការចូលរួមស៊ីហ្គេមរបស់កម្ពុជា មានជាអាទិ៍ ឆ្នាំ១៩៦១ កម្ពុជាបានចូលរួមស៊ីហ្គេមលើកទី២ នៅទីក្រុងរ៉ង់ហ្គូនប្រទេសភូមា។ ឆ្នាំ១៩៦៥ កម្ពុជាបានចូលរួម ស៊ីហ្គេមលើកទី៣ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ឆ្នាំ១៩៧១ កម្ពុជាបានចូលរួមស៊ីហ្គេមលើកទី៦ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ឆ្នាំ១៩៧៣ កម្ពុជាបានចូលរួម ស៊ីហ្គេមលើកទី៧ នៅប្រទេសសិង្ហបុរី។
ការចូលរួមប្រកួតក្នុងពេលសង្គ្រាមមានជាអាទិ៍ ឆ្នាំ១៩៨៣ ចូលរួមស៊ីហ្គេមលើកទី១២ ដោយកម្ពុជាប្រជាធិបតេយ្យ នៅទីក្រុងសិង្ហបុរី។ ឆ្នាំ១៩៨៥ ចូលរួមស៊ីហ្គេមលើកទី១៣ ដោយកម្ពុជាប្រជាធិបតេយ្យ នៅទីក្រុងបាងកក។ ឆ្នាំ១៩៨៧ ចូល រួមស៊ីហ្គេមលើកទី១២ ដោយកម្ពុជាប្រជាធិបតេយ្យ នៅទីក្រុងហ្សាកាតា។ ចំពោះការចូលរួមប្រកួតក្រោយពេលសង្គ្រាម ឆ្នាំ១៩៩៩ ព្រះរាជាណាចក្រកម្ពុជា ចូលរួមស៊ីហ្គេមលើកទី២០ នៅប្រទេសប្រ៊ុយណេ។ ឆ្នាំ២០០១ ព្រះរាជាណាចក្រកម្ពុជា ចូលរួមស៊ីហ្គេមលើកទី២១ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ឆ្នាំ២០០៣ ព្រះរាជាណាចក្រកម្ពុជា ចូលរួមស៊ីហ្គេមលើកទី២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ឆ្នាំ២០០៥ ព្រះរាជាណាចក្រកម្ពុជា ចូលរួមស៊ីហ្គេមលើកទី២៣ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។ ឆ្នាំ២០០៧ ព្រះរាជាណាចក្រកម្ពុជា ចូលរួមស៊ីហ្គេមលើកទី២៤ នៅទីក្រុងណាខុនរាជស៊ីម៉ា ប្រទេសថៃ។ ឆ្នាំ២០០៩ ព្រះរាជាណាចក្រកម្ពុជា ចូលរួមស៊ីហ្គេមលើកទី២៥ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
កម្ពុជាចូលរួមស៊ីហ្គេមលើកទី២៥ នៅប្រទេសឡាវឆ្នាំ២០០៩ ចំនួនប្រតិភូកីឡាកម្ពុជា ទៅចូលរួមសរុប ១៨០នាក់ មន្ត្រី៤នាក់ គ្រូបង្វឹក៤៣នាក់ កីឡាករ១២៣នាក់ និងកីឡាការិនី៣១នាក់។ ប្រភេទកីឡាចូលរួមចំនួន១៩ រួមមាន ប៉េតង់ តេក្វាន់ដូ អត្តពលកម្ម ចំបាប់ បាល់ទះឆ្នេរខ្សាច់ ប្រដាល់ វាយកូនបាល់ យូដូ ការ៉ាតេដូ វាយកូនឃ្លីលើតុ បាល់ទាត់ វាយសី សីប៉ាក់តាក្រ សីស្លាប ហែលទឹក បាញ់ធ្នូ ប្រណាំងកង់ វូស៊ូ វាយកូនហ្គោល។ លទ្ធផលទទួលបានសរុបចំនួន ៤០ មេដាយ
(មាស៣ ប្រាក់១០ សំរិទ្ធិ ២៧) ប្រភេទកីឡាប៉េតង់ មាស២ ប្រភេទកីឡាចំបាប់ មាស១ ប្រភេទកីឡាប៉េតង់ ប្រាក់៣ ប្រភេទកីឡាចំបាប់ ប្រាក់៣ ប្រភេទកីឡាតេក្វាន់ដូ ប្រាក់៣ ប្រភេទកីឡាប្រដាល់ ប្រាក់១ ប្រភេទកីឡាតាក្វាន់ដូ សំរិទ្ធិ៤ ប្រភេទកីឡាចំបាប់ សំរិទ្ធិ៣ ប្រភេទកីឡាប៉េតង់ សំរិទ្ធិ៥ ប្រភេទកីឡាប្រដាល់ សំរិទ្ធិ៤ ប្រភេទកីឡាសីស្លាប សំរិទ្ធិ៧ ប្រភេទកីឡាវាយកូនបាល់ សំរិទ្ធិ១ ប្រភេទកីឡាវូស៊ូ សំរិទ្ធិ២ និងប្រភេទកីឡាអត្តពលកម្ម សំរិទ្ធិ១។
កម្ពុជាចូលរួមប្រកួតស៊ីហ្គេម លើកទី២៦ នៅឥណ្ឌូនេស៊ី ឆ្នាំ២០១១ (នៅទីក្រុងហ្សាកាតា និងប៉ាឡាំបាង) មាន ប្រទេសចូលរួម១១ប្រទេស និងប្រភេទកីឡា៤៣ប្រភេទ ដោយមានប្រតិភូចូលរួម៥៨៥០នាក់ រួមមាន ប្រទេសឥណ្ឌូនេស៊ី ៩៧០នាក់ ប្រទេសវៀតណាម ៧០០នាក់ ប្រទេសថៃ៧៥០នាក់ ប្រទេសសិង្ហបុរី៥០០នាក់ ប្រទេសហ្វីលីពីន៦៣០នាក់ ប្រទេសម៉ាឡេស៊ី៧០០នាក់ ប្រទេសមីយ៉ាន់ម៉ា៧០០នាក់ ប្រទេសឡាវ៣៥០នាក់ ប្រទេសទីម័រ២០០នាក់ និងប្រទេសប្រ៊ុយណេ១២០នាក់។ ចំពោះការចូលរួមរបស់កម្ពុជាក្នុងស៊ីហ្គេមលើកទី២៦ មានប្រតិភូចូលរួមសរុប២៣០នាក់ ថ្នាក់ដឹកនាំរដ្ឋាភិបាល និងអូឡាំពិក៤នាក់ មន្ត្រីអូឡាំពិក១៥នាក់ គ្រូបង្វឹក និងប្រតិភូតាមសហព័ន្ធ ៤៩នាក់ កីឡាករ១៣៩នាក់ កីឡាការិនី២៣នាក់។ ក្នុងនោះ មានកីឡាករដើមកំណើតខ្មែរនៅបរទេសចំនួន១១នាក់ មកពីប្រទេសស៊ុយអែត អាមេរិក អូទ្រីស បារាំង ស្វីស និងកីឡាករជនបរទេស ចូលសញ្ជាតិខ្មែរមាន២រូប ( សញ្ជាតិកូរ៉េខាងជើង និងជប៉ុន )។ កីឡាករ-ការិនីបរទេស ទាំងអស់ ត្រូវប្រកួតជម្រុះជាមួយកីឡាករ-ការិនីក្នុងស្រុក លុះត្រាតែមានសមត្ថភាពខ្ពស់ជាងកីឡាករ-ការិនីក្នុងស្រុក។
បញ្ហាយកកូនខ្មែររស់នៅក្រៅប្រទេស និងការចូលជាសញ្ជាតិខ្មែរ មិនជំទាស់នៅក្នុងច្បាប់កីឡាអន្តរជាតិទេ ដោយ សាម៉ីខ្លួនយល់ព្រមលេងឱ្យកម្ពុជា ហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាយល់ព្រមទទួល។ ក្នុងនោះ ក៏មិនពាក់ព័ន្ធនឹងចំណាត់ថ្នាក់ពិភពលោក (បើមានលុះត្រាតែអនុញ្ញាត ដោយសហព័ន្ធអន្តរជាតិ)។ ចំណែកបញ្ហាចូលសញ្ជាតិ មានការឯកភាពគ្នារវាងម្ចាស់ផ្ទះ និងសាម៉ីខ្លួន។
គួរបញ្ជាក់ថា ប្រភេទកីឡារបស់កម្ពុជា ទៅចូលរួមប្រកួតមានចំនួន ២០ ប្រភេទ រួមមាន កីឡាវាយសី បាល់បោះ វាយកូនបាល់ យូដូ គឹមប៉ូ វាយកូនឃ្លីលើតុ តេក្វាន់ដូ ទូកប្រពៃណី វ៉ូវីណាម បាល់ទាត់ ធ្វើឡើងនៅទីក្រហ្សាកាតា និងកីឡាហែលទឹក អត្តពលកម្ម ប្រដាល់ កាយសម្ព័ន្ធ ប៉េតង់ តេនីស បាល់ទះក្នុងសាល បាល់ទះឆ្នេរខ្សាច់ ចំបាប់ នឹងត្រូវធ្វើឡើង នៅទីក្រុងប៉ាឡាំបាង ប្រទេសឥណ្ឌូនេស៊ី៕ 
Photo by DAP-NEWS

No comments:

Post a Comment