Labels

Saturday, November 26, 2011

​មនុស្ស​យន្ត​យាម​គុក​នៅ​កូរ៉េ​ខាង​ត្បូង!

ថ្មី​ៗ​នេះ គេហទំព័រ​អន្តរជាតិ​ Engadget ចុះ​ផ្សាយ​ថា​​ កូរ៉េ​ខាង​ត្បូង​កំពុង​នឹង​ធ្វើ​ការ​សាកល្បង​គម្រោង​មនុស្ស​យន្ត​យាម​គុក ឬ​ឆ្មាំ​គុក​យន្ត​នៅ​ក្នុង​ខែ​មិនា​ខាង​មុខ​នេះ។
ក្រសួង​យុត្តិធម៌​របស់​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ថា​ ​គម្រោង​នេះ​នឹង​ចាប់​ផ្តើមធ្វើ​​ការ​សាកល្បង​រយៈ​ពេល ១ ខែ ដោយ​ប្រើប្រាស់​​មនុស្ស​យន្ត​ដើម្បី​យាម​គុក​នៅ​ក្នុង​ទីក្រុង​ Pohang ហើយ​វា​​នឹង​ត្រូវ​​ចាប់​ផ្តើម​នៅ​ខែ​មិនា ឆ្នាំ​ក្រោយ។ ​គម្រោង​សាកល្បង​ឆ្មាំ​គុក​យន្ត​​នេះ​ ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​ចំណាយ​អស់​ទឹក​ប្រាក់​ប្រមាណ​ ១ ពាន់​លាន​វ៉ុន ដែល​ស្មើ​នឹង ៨៦៣.០០០ ដុល្លារ​អាមេរិក។ សាស្ត្រាចារ្យ​ដែល​ដឹង​ច្បាស់​ពី​គម្រោង​នេះ​បាន​ប្រាប់​ The Wall Street ថា​ ឆ្មាំ​គុក​យន្ត​ដែល​នឹង​ធ្វើ​ការ​សាកល្បង​នេះ​ ​មិន​មែន​សម្រាប់​​ប្រយុទ្ធ​នោះ​ទេ អ្វី​ដែល​ឆ្មាំ​គុក​យន្ត​នេះ​ធ្វើ ​គឺ​ឃ្លាំ​មើល​សកម្មភាព​ក្នុង​គុក បើ​សិន​មាន​ហេតុការណ៍​អ្វី​មិន​ស្រួល​កើត​ឡើង​ វា​នឹង​ផ្តល់​ដំណឹង​ឲ្យ​ឆ្មាំ​គុក​មនុស្ស​ភ្លាម។

ឆ្មាំ​គុក​យន្ត ដែល​នឹង​ត្រូវ​យក​មក​សាកល្បង​ ត្រូវ​បាន​​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ស្រដៀង​រូបមនុស្ស​ពិត ហើយ​វា​នឹង​អាច​ទាក់ទង​ជាមួយ​ឆ្មាំ​គុក​មនុស្ស​ ក៏​ដូចជា​អ្នក​ទោស​ក្នុង​គុក​ផង​ដែរ។
តើ​គម្រោង​របស់​កូរ៉េ​ខាង​ត្បូង​នេះ អាច​ប្រព្រឹត្ត​ទៅ​បាន​ជោគជ័យដែរ​ឬ​ទេ​ហ្ន៎?

No comments:

Post a Comment