កាល ​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មាន​គេហទំព័រ​អន្តរជាតិ​ជា​ច្រើន​បាន​ចុះផ្សាយ​ថា​ ក្រុមហ៊ុន​ Nokia នឹង​បញ្ចេញ​កម្មវិធី​ Update ថ្មី​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ថ្ម​របស់​ទូរស័ព្ទ Lumia 800។
គេហទំព័រ engadget បាន​ចុះផ្សាយ​យ៉ាង​សង្ខេប​ថា​ កាល​ពី​ពេល​ដែល​ក្រុម​ការងារ​របស់​គេហទំព័រ​នេះ​យក Lumia 800 មក​សិក្សា​ស្វែង​យល់​ ពួក​គេ​បាន​ជួប​ប្រទះ​បញ្ហា​ថ្ម។ ប្រភព​ដដែល​នេះ​បាន​លើក​ឡើង​ថា​ អ្នក​ប្រើប្រាស់​ទូទៅ​ផ្សេង​ទៀត​ក៏​អាច​ជួប​ប្រទះ​បញ្ហា​ដូចគ្នា​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា​​ប្រភព​នេះ​ បាន​បញ្ជាក់​​ផង​ដែរ​ថា ក្រុមហ៊ុន Nokia នឹង​ធ្វើ​ការ​ដោះស្រាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ ដោយ​ចេញ​ជា​កម្មវិធី​Update ថ្មី។ កម្មវិធី​ Update ចំនួន​ពីរ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៅ​ឡើយ ហើយ​គោលដៅ​នៃ​កម្មវិធី​ទាំង​ពីរ​នេះ​គឺ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ប្រើប្រាស់​ថ្ម​បាន​ប្រសើរ​ឡើង។ កម្មវិធី Update ទី​មួយ​នឹង​ចេញ​នៅ​ដើម​ខែ​ធ្នូ និង​ទី​ពីរ​នៅ​ខែ​មករា។ ប៉ុន្តែ​វា​ល្អ​ដែរ ដោយ​សារ​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ជួប​បញ្ហា​នេះ។
ស្រប​គ្នា​នេះ​ដែរ​គេហទំព័រ recombu ក៏ ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​លើក​ឡើង​


ថា​ Nokia នឹង​បញ្ចេញ​កម្មវិធី​ Update ក្នុង​ពេល​ខាង​មុខ។ ប្រភព​នេះ​បាន​យក​ Lumia 800 ទៅ​ប្រៀបធៀប​ជាមួយ​ N9 ហើយ​បង្ហាញ​ថា​ថ្ម​របស់​វា​មាន​បញ្ហា។ តាម​ប្រភព​នេះ បាន​អះ​អាង​ថា​​ កម្មវិធី​ Update ទី​ពីរ​ដែល​នឹង​ចេញ​នៅ​ក្នុង​មករា​ នឹង​អាច​ជួយ​ដោះស្រាយ​​ថ្ម​ពី 1300mAh ទៅ 1450mAh ឡើង​វិញ។
រី​ឯ​គេហទំព័រ softpedia បាន ​ចុះផ្សាយ​ថា​ក្នុង​ពេល​ខាង​មុខ​នេះ Nokia នឹង​បញ្ចេញ​កម្មវិធី Update សម្រាប់ Lumia 800 ហើយ។ ពេល​នេះ​ថាមពល​ថ្ម​របស់​វា​នឹង​អាច​ប្រែ​មក 1450mAh ដូច​ធម្មតា​វិញ។
គួរ​បញ្ជាក់​ផង​ដែរ​ថា​មិន​មែន​មាន​តែ Lumia 800 មួយ​ទេ​ដែល​ជួប​បញ្ហា​ សូម្បី​តែ Samsung Galaxy Nexus និង iPhone 4S ក៏​មាន​បញ្ហា​ដែរ
ហេតុ​អី្វ​បាន​ជា​ទូរស័ព្ទ​ទំនើប​ៗ​ សុទ្ធ​តែ​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ដូច្នេះ?