Labels

Thursday, November 10, 2011

ការបាត់ខ្លួនរបស់ ប្រជាពលរដ្ឋក្នុងករណី ទាហានថៃបាញ់ ពុំទាន់ដឹងថាមកវិញ នៅឡើយទេ ហើយការចាប់ខ្លួន ភាគីកម្ពុជា កំពុងតែចរចា


ឧត្ដរមានជ័យៈ ប្រធានទំនាក់ទំនងអន្ដរជាតិ កម្ពុជា-ថៃ ប្រចាំច្រកជាំស្រងាំ នៃខេត្ដឧត្ដរមានជ័យ លោក ទួច រ៉ា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១ នេះថា ការបាត់ខ្លួនរបស់បងប្អួន ប្រជាពលរដ្ឋ ដែលបានរត់គេចពី ក្រុមទាហានថៃបាញ់ ខណៈដែលពួកគេ ព្យាយាមចូលទៅកាប់ឈើនោះ គឺមិនទាន់ដឹងថាមកវិញនោះទេ ។
លោក ទួច រ៉ា បានអោយដឹងថា “អត់ទាន់ទទួលបានអីផង...ខ្ញុំដឹងថាមនុស្សម្នាក់ ដែលថៃចាប់បាន ហើយខាងយើងរត់រួចមកវិញ មានទាំងអ្នករបួស និងអ្នកអត់របួស ក្រៅពីហ្នឹងអត់ទាន់មានអីប្លែក” ។
កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១១កន្លងទៅនេះ ដែលត្រូវនឹងថ្ងៃខួបលើកទី៥៨ នៃទិវាបុណ្យឯករាជ្យជាតិ កម្ពុជា មានករណីមួយ បានកើតឡើង មកលើពលរដ្ឋខ្មែរ ប្រមាណជិត២០នាក់ ពីសំណាក់ទាហានថៃ ដែលស្ថិតនៅភូមិ ត្រាវជូរ ឃុំស្ដឹងចាន់ ស្រុកឃុនហាន ខេត្ដស៊ីសាកេត នៃប្រទេសថៃ ជាប់នឹងព្រំដែនកម្ពុជា ស្ថិតនៅភូមិព្រៃចំប៉ក់ ឃុំផ្អាវ ស្រុកត្រញំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ដោយទាហានថៃបានបាញ់ មកលើប្រជាពលរដ្ឋខ្មែរ ឱ្យរងរបួសបាក់ភ្លៅមួយនាក់ ចាប់ខ្លួនមួយនាក់ ហើយបាត់ខ្លួនចំនួន ១០នាក់ ក្នុងពេលដែលពួក ពលរដ្ឋខ្មែរទាំងនេះ បានព្យាយាមចូលទៅលួច កាប់ឈើគ្រញួង នៅលើទឹកដីថៃនោះ។
យោងតាមសេចក្ដី រាយការណ៍នានា បានឱ្យដឹងផងដែរថា ប្រជាពលរដ្ឋដែលកំពុងបាត់ខ្លួននោះ ត្រូវបានគេសង្ស័យ ថា អាចនឹងមានស្លាប់ និងរងរបួសផងដែរ នៅកន្លែងកើតហេតុនោះ ដោយសេចក្ដីរាយការណ៍បន្ដថា ប្រសិនបើគេមិន មានអ្វីកើតឡើងនោះ នាពេលនេះពួកគេនឹងវិល ត្រឡប់មកវិញជាពុំខានឡើយ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ ក្រសួងការបរទេសខ្មែរ លោក កុយ គួង បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ទាក់ទងនឹងបញ្ហាខាងលើនេះ លោកបានធ្វើការទំនាក់ទំនង ដល់អគ្គកុងសុលខ្មែរ ប្រចាំនៅតំខេត្ដនោះ ធ្វើការស្រាវជ្រាវរួចហើយ ប្រសិនបើមាន ករណីនេះកើតមានមែន ខាងអគ្គកុងសុលប្រចាំនៅទីនោះ នឹងធ្វើការទំនាក់ទំនង ដល់ក្រសួងមហាផ្ទៃថៃ ដើម្បីដោះស្រាយជួយពួកគេ ។
មិនមែនតែលើកទី១ នោះទេ ដែលមានករណីបែបនេះ បានកើតឡើងមកលើប្រជាពលរដ្ឋខ្មែរនោះ គឺមានរាប់សិបដង មកហើយដែលបាន កើតឡើង ហើយចំពោះករណីនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ បានស្លាប់ និងរបួសជាច្រើននាក់ ដែលជារឿងមួយដែលធ្វើឱ្យ អាជ្ញាធរនៅតំបន់នោះ ឈឺក្បាលយ៉ាងខ្លាំង ។
មតិនានា បានរិះគន់ករណីនេះថា ដោយសារតែជនអគតិមួយចំនួន ដែលមិនចេះគិតអំពី សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយគិតតែផលប្រយោជន៍ របស់ខ្លួននោះ បានធ្វើការលួងលោម និងបោកបញ្ឆោតដល់ ប្រជាពលរដ្ឋស្លូតត្រង់ ដែលកំពុងជួបប្រទះនឹងភាព ក្រីក្រលំបាកនោះ ឱ្យទៅប្រថុយ ប្រថាននឹងយកជីវិត ទៅចោលស្រុកគេ ដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួននោះ ហើយពុំទាន់មានប្រភពណាច្បាស់លាស់ថា អាជ្ញាធរនឹងមាន វិធានការទប់ស្កាត់ពួកគេ ដោយរបៀបណានោះទេ ហើយក៏ពុំដែលឮថា ចាប់ក្រុមអគតិដែលតែងតែបំផុសបំផុល ប្រជាពលរដ្ឋទាំងនោះបានដែរ ដែលបានបណ្ដោយឱ្យករណីបែបនេះ កើតឡើងជាញឹកញាប់។
ប៉ុន្ដែអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជា លោក កុយ គួង បានឱ្យដឹងថា នាពេលកន្លងមក ក្រុមសមត្ថកិច្ចរបស់កម្ពុជា តែងតែខិតខំប្រឹងប្រែង ទប់ស្កាត់ប្រជាពលរដ្ឋកុំឱ្យឆ្លងកាត់ ទៅប្រទេសគេដោយខុសច្បាប់ គ្រប់មធ្យោបាយ តែប្រជាពលរដ្ឋ ពួកគាត់តែងតែ រកគ្រប់មធ្យោបាយ ដើម្បីឆ្លងកាត់ទៅទៀត ៕

No comments:

Post a Comment