Labels

Thursday, November 10, 2011

កម្ពុជា ទាញយក ៤៧៦លានដុល្លារ អាមេរិកពី ការវិនិយោគ ជាមួយប្រទេស ជាសមាជិកអាស៊ាន


ភ្នំពេញៈ កម្ពុជា ទទួលបានការ វិយោគទុនប្រមាណ ៤៧៦លានដុល្លារអាមេរិក ពីប្រទេសជាសមាជិក អាស៊ាន នៅក្នុងរយៈពេល ៩ខែឆ្នាំ២០១១ នេះ ដែលបានកើនឡើង ៦៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ប្រមាណ ២៨៧លានដុល្លារ អាមេរិកតែប៉ុណ្ណោះ ។
យោងតាមព័ត៌មាន ពីគេហទំព័រ PhilStar របស់ហ្វីលីពីន បានឱ្យដឹងនៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១១ នេះថា របាយការណ៍របស់ ក្រុមប្រឹក្សា សម្រាប់ការអភិវឌ្ឍកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីខែមករា ដល់ខែកញ្ញា នៅក្នុងឆ្នាំ២០១១នេះ ប្រទេសកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណ ដល់គម្រោង វិយោគរបស់ប្រទេស វៀតណាម ដែលមានតម្លៃ ២៤៦លានដុល្លាអាមេរិក និង គម្រោងវិយោគរបស់ប្រទេសម៉ាឡេស៊ី ប្រមាណ ២៣០ លានដុល្លារ អាមេរិក ។
ក្នុងអំឡុងពេល ៩ខែដើមឆ្នាំមុន ប្រទេសកម្ពុជា ទទួលបានការវិយោគប្រមាណ ២៨៧លានដុល្លារអាមេរិក ដែលក្នុងនោះ ១៥២លានដុល្លារ អាមេរិកពីប្រទេសម៉ាឡេស៊ី ១១៤លានដុល្លារ ពីប្រទេសវៀតណាម ១៩លានដុល្លារពីសិង្ហបុរី និង ២លានដុល្លារពីប្រទេសថៃ។
របាយការណ៍នោះ បានឱ្យដឹងថា ការវិយោគពីប្រទេស ជាសមាជិករបស់អាស៊ាន នៅក្នុងប្រទេសកម្ពុជា មានតែប្រទេសម៉ាឡេស៊ី វៀតណាម ថៃ និង សិង្ហបុរីតែប៉ុណ្ណោះ ។
គួរបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៩៤ ដល់ ខែកញ្ញា ឆ្នាំ២០១១ ប្រទេសម៉ាឡេស៊ី ជាប្រទេសវិយោគិន ដ៏ធំជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា ដោយទំហំវិនិយោគសរុប ២.៦ពាន់លានដុល្លារ អាមេរិក ហើយបន្ទាប់ពីប្រទេសម៉ាឡេស៊ី គឺប្រទេសវៀតណាម ដែលមានទឹកប្រាក់ប្រមាណ ៨១២លានដុល្លារអាមេរិក ។
សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ មានប្រទេសប៊្រុយនេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និង ប្រទេសវៀតណាម ៕

No comments:

Post a Comment