Labels

Tuesday, November 8, 2011

អភិបាល UNDP នឹងមកចូលរួម កិច្ចប្រជុំអូតាវ៉ា នៅកម្ពុជា


ភ្នំពេញៈ អ្នកស្រី Helen Clark អភិបាល នៃកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP នឹងអញ្ជើញចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា (កិច្ចព្រមព្រៀងហាមប្រាមមិនឱ្យ ប្រើប្រាស់គ្រាប់មីនផ្ទុកគ្រាប់មីន) លើកទី១១ ដែលនឹងប្រព្រឹត្ដឡើង នៅប្រទេសកម្ពុជា នាថ្ងៃទី២៧ វិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១១ ខាងមុខនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការអនុសញ្ញាអូតាវ៉ាប្រចាំនៅទីក្រុងហ្សឺណែវ បានចេញផ្សាយនៅ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១១ បានឱ្យដឹងថា អ្នកស្រី Helen Clark ត្រូវបានរំពឹងថា គឺជាសេចក្ដីប្រកាសទីមួយក្នុង ចំណោមសេចក្ដីប្រកាសជាច្រើន នៃការចូលរួមកម្រិតខ្ពស់ របស់កិច្ចប្រជុំជារដ្ឋភាគីលើកទី១១នេះ។
រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានតែងតាំងនៃកិច្ចប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាហាម ប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងនិងមនុស្សជាតិ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា លោកមាន សេចក្ដីរីករាយជាពន់ពេកដោយនឹងមានវត្ដមាន របស់អ្នកស្រីដែលជាអភិបាលនៃ កម្មវិធីអភិវឌ្ឍន៍របស់អង្គការដ៏ កំពូលរបស់ពិភពលោកនេះ។

លោក ប្រាក់ សុខុនបានមានប្រសាសន៍ថា “ការចូលរួមរបស់លោកស្រី (Helen Clark) គឺជាការ អះអាងសាជាថ្មី នៃការប្ដេជ្ញាចិត្ដរបស់អង្គការសហប្រជាជាតិ ដើម្បីបញ្ចប់នូវការទទួលរងគ្រោះដោយសារ គ្រាប់មីន ប្រឆាំងមនុស្ស ក៏ដូចជាការរំលឹកនូវតួនាទីយ៉ាងសំខាន់ នៃការ បោសសម្អាតមីន ដែលបានដើរតួនាទី ក្នុងកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម របស់សហគមន៍និងបណ្ដាប្រជាជាតិ”។
លោក ប្រាក់ សុខុន បានបន្ដទៀតថា កាលពី២០ឆ្នាំមុន កម្មវិធីអភិវឌ្ឍន៍របស់ អ.ស.ប បានធ្វើជាដៃគូរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហារងគ្រោះ ដោយសារគ្រាប់មីន និងសម្រេចបាន នូវវឌ្ឍនភាពឆ្ពោះទៅបង្កើតអនុសញ្ញានេះ។
សូមបញ្ជាក់ថា អនុសញ្ញាអូតាវ៉ា ឬ អនុសញ្ញាហាមប្រាមការប្រើប្រាស់ គ្រាប់មីនប្រឆាំងមនុស្ស បានកកើត ឡើង កាលពីឆ្នាំ១៩៩៧ នៅទីក្រុងអូស្លូ ហើយបានចុះហត្ថលេខានៅទីក្រុងអូតាវ៉ា នៅឆ្នាំដដែល ប៉ុន្ដែបានចូលជាធរមាននៅឆ្នាំ ១៩៩៩។ មកដល់នាពេលបច្ចុប្បន្ននេះ មានប្រទេសដែលជាសមាជិក និងជារដ្ឋភាគីនៃអនុសញ្ញា នេះរហូត ដល់១៥៧ ប្រទេសហើយនៅលើពិភពលោកនេះ។ ហើយរដ្ឋចំនួន១៥៣ហើយ ដែលមិនមានវត្ដមានសន្និធិគ្រាប់មីន នៅក្នុងប្រទេស របស់ពួកគេជាបន្ដទៀត។
គ្រាប់មីនប្រមាណជា ៤៤,៥លានគ្រាប់មកហើយត្រូវបានកម្ទេចចោល ដោយរដ្ឋជាភាគីទាំងនោះ ហើយជាមួយគ្នានោះផងដែរ រដ្ឋភាគីស្ទើរតែទាំងអស់ហើយ ដែលពួកគេបានផ្អាក់ការផលិត និងផ្ទេរគ្រាប់មីន។ មិនតែប៉ុណ្ណោះ ពួកគេបានបោសសម្អាតមីន បានរំដោះតំបន់សង្ស័យមានគ្រាប់មីន ដែលមានផ្ទៃដីរាប់លានម៉ែត្រក្រឡា សម្រាប់ដាក់ឱ្យប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ទូទៅ។
អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ លោក Douglas Broderick ប្រចាំនៅកម្ពុជា បានថ្លែង ឱ្យដឹងនៅក្នុងសេចក្ដីប្រកាសដដែលនេះថា គ្រាប់មីនរាប់ពាន់គ្រាប់ ត្រូវបានបំផ្លាញ និងផ្ទៃដីរាប់លានម៉ែត្រក្រឡា ត្រូវបានបោសសម្អាតនៅប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហើយកិច្ច ខិតខំប្រឹងប្រែងនេះ បានជូយសង្គ្រោះជីវិតមនុស្ស និងផ្ដល់អវយវៈដៃជើង គាំទ្រការតាំងទីលំនៅឡើងវិញ និងជួយដល់កិច្ចអភិវឌ្ឍសហគមន៍នៅខេត្ដ ដែលទទូលរងផលប៉ះពាល់មីនខ្លាំង។
ប្រទេសកម្ពុជាបានទទួលឥទ្ធិពលយ៉ាងខ្លាំងក្លាពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដោយសារតែ សង្គ្រាមផ្ទៃក្នុងដ៏រាំរៃរបស់ខ្លួនអស់រយៈពេលជាងបីទសវត្សរ៍មកនោះ ហើយដោយសារតែគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនោះ បានធ្វើឱ្យអ្នករងគ្រោះមានចំនួន ៦៣.៩១៩នាក់ ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១១នេះ ហើយអាជ្ញាធរមីនរបស់កម្ពុជា បានបំផ្លាញចោលនូវគ្រាប់ទាំងនេះ បានចំនួន ៩០២.៩១៣គ្រាប់ចាប់តាំងពីឆ្នាំ១៩៩២មក រហូតដល់ពេលនេះ ហើយចំនួនដែល រងផលប៉ះពាល់មានចំនួន៦៥០គីឡូម៉ែត្រក្រឡា៕
Photo by DAP-NEWS

No comments:

Post a Comment