រថយន្តអង្គរ ដែលជារថយន្តកើតចេញពីស្នាដៃកូនខ្មែរដំបូងគេ គ្រោងបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ CNN ដែលជាបណ្ដាញស្ថានីយទូរទស្សន៍ដ៏ល្បីរបស់ពិភពលោកក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីតំបន់ឆ្នេររបស់ប្រទេសកម្ពុជាដល់ភ្ញៀវទេសចរណ៍អន្តរជាតិ និងក៏ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍នៅជុំវិញពិភពលោកមកទស្សនាប្រទេសកម្ពុជា។

តក្កកររូបនេះក៏បានឲ្យដឹងបន្តទៀតថា នេះក៏ដើម្បីបង្ហាញដល់ប្រជាជននៅលើពិភពលោកថាប្រទេសកម្ពុជាក្រៅពីមានតំបន់ឆ្នេរដ៏ស្រស់ស្អាតហើយនោះ ក៏នៅមានអ្នកដែលមានសមត្ថភាពអាចផលិតរថយន្តដែលមានលក្ខណៈទំនើបមិនចាញ់បណ្ដាប្រទេសផលិតធំៗមួយចំនួនទៀតដែរ។
លោកបានបញ្ជាក់បន្ថែមទៀតថា នាពេលកន្លងទៅរថយន្តរបស់លោកក៏ធ្លាប់ត្រូវបានបណ្ដាអ្នកសារព័ត៌មាន ស្ថានីយទូរទស្សន៍ កាសែត និងគ្រឹះស្ថានផ្សព្វផ្សាយជាតិ និងអន្តរជាតិដូចជាបណ្ដាញស្ថានីយទូរទស្សន៍ដ៏ធំរបស់អាមេរិក CNN ទូរទស្សន៍ NHK របស់ជប៉ុន និងបណ្ដាស្ថានីយទូរទស្សន៍ផ្សេងទៀតមានការចាប់អារម្មណ៍ និងធ្វើការផ្សព្វផ្សាយជាហូរហែផងដែរ។
ជាមួយគ្នានេះលោកសង្ឃឹមយ៉ាងមុតមាំថា ក្រោយពេលដែលរថយន្តរបស់លោកត្រូវគេដាក់បញ្ចាំងនៅលើស្ថានីយទូរទស្សន៍ដ៏ធំមួយនេះរួចមក នឹងទទួលបានការគាំទ្រជាពិសេសអាចធ្វើឲ្យពួកគេបានស្គាល់ពីប្រទេសខ្មែរ និងផលិតផលរថយន្តដែលផលិតចេញពីស្នាដៃកូនខ្មែរកាន់តែទូលំទូលាយបន្ថែមទៀត។
ប្រិយមិត្ត និងមិត្តៗយុវវ័យប្រហែលជាបានទស្សនាស្ពតផ្សព្វផ្សាយពីតំបន់ទេសចរណ៍ឆ្នេររថយន្តអង្គររបស់លោក ញាន ផល្លឹក តាមបណ្ដាកញ្ចក់ទូរទស្សន៍ក្នុងស្រុករួចរាល់ហើយមើលទៅ! ប៉ុន្តែតើវានឹងមានភាពអស្ចារ្យបែបណាទៅ ពេលដែលវាត្រូវបានផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍ដ៏ធំរបស់ពិភពលោកដូចជា CNN នោះ។ កុំភ្លេចរង់ចាំទស្សនាជាមួយគ្នាណា៕



No comments:
Post a Comment