Labels

Saturday, October 8, 2011

ជប៉ុនផ្ដល់ជំនួយ ៣៣ម៉ឺនដុល្លារ ជួយសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះខ្មែរ ដោយទឹកជំនន់


ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ផ្ដល់អំណោយមនុស្សធម៌ដោយស្ម័គ្រចិត្ដសង្គ្រោះ ដល់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់ សរុបជាទឹកប្រាក់ចំនួន៣៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ខណៈដែលអ្នកស្លាប់ដោយទឹកជំនន់ បានកើនឡើងដល់២០៦ និងរាប់ម៉ឺនគ្រួសារទៀតត្រូវបានរងគ្រោះ ។
ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រង់គ្រោះមហន្ដរាយ លោក ញឹម វណ្ណដា បានមានប្រសាសន៍ថា អំណោយមនុស្សធម៌ដោយស្ម័គ្រចិត្ដ ពីរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយសង្គ្រោះដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបប្រទះនឹងគ្រោះមហន្ដរាយដោយទឹកជំនន់នេះ មានដូចជា ធុងសម្រាប់ចម្រោះទឹកស្អាត ធុងដាក់ទឹក តង់ មុង កន្ទេល និងសម្ភារៈផ្សេងៗជាច្រើនទៀត។
លោក ញឹម វណ្ណដា បានមានប្រសាសន៍ប្រាប់ដល់អ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០១១ ខណៈដែលលោក និងមន្ដ្រីរាជរដ្ឋភិបាលកម្ពុជា ជាច្រើនរូបផ្សេងទៀត បានទៅទទួលជំនួយ ដែលរដ្ឋាភិបាលជប៉ុនផ្តល់ឲ្យនៅព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញថា ការស្លាប់របស់ប្រជាពលរដ្ឋខ្មែរ ដោយសារតែទឹកជំនន់រហូតមកដល់ពេលនេះ បានកើនឡើងដល់២០៦នាក់ហើយ ហើយដីស្រែរាប់ម៉ឺនហិកតាត្រូវបំផ្លាញ់ ព្រមទាំងផ្លូវថ្នល់ វត្ដអារាម ផ្ទះរបស់ប្រជាពលរដ្ឋ និងសម្ភារៈផ្សេងៗជាច្រើនទៀត។

លោក ញឹម វណ្ណដា បានឱ្យដឹងទៀតថា ខេត្ដ-រាជធានី ដែលរងគ្រោះដោយសារតែទឹកជំនន់នោះ គឺមានចំនួន១៧ ស្រុក-ខណ្ឌ, ក្រុងមានចំនួន១១៣ និងឃុំ-សង្កាត់ មានចំនួន៦៥០ មិនតែប៉ុណ្ណោះប្រជាជនជាង១លាននាក់ និងផ្ទះរបស់ពួកគេចំនួន១៨ម៉ឺនខ្នង ត្រូវបានប៉ះពាល់ ហើយក្នុងខេត្ដ-រាជធានី ដែលប៉ះពាលខ្លាំងជាងគេ គឺនៅស្រុកស្ទឹងសែន ខេត្ដកំពង់ធំ ពីព្រោះស្ទឹងសែន ជាកន្លែងទឹកហូរកាត់ច្រើនជាងគេ។
អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ លោក ញឹម វណ្ណដា បានឱ្យដឹងបន្ថែមទៀតថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែទឹកជំនន់ ចំនួនពីរខែកន្លងមកនេះ ពួកគេត្រូវបានជួយសង្គ្រោះចំនួនជាង ៦ម៉ឺនគ្រួសារហើយ ហើយក្នុងនោះ គីជួយដោយរដ្ឋាភិបាល និងកាកបាទក្រហមចំនួនជាង៤ម៉ឺនគ្រួសារ និងសង្គ្រោះ ដល់ទីទួលមានសុវត្ថិភាពបានចំនួនជិត១០ម៉ឺនគ្រួសារ។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ម៉ាសាហ្វូមី គូរ៉ូគី បានមានប្រសាសន៍ថា អំណោយមនុស្សធម៌ ដោយស្ម័គ្រចិត្ដនេះ កើតឡើងដោយរដ្ឋាភិបាល និងប្រជាជនជប៉ុន។
លោកបន្ដទៀតថា ថ្វីត្បិតតែអំណោយនេះ មានបន្ដិចបន្តួចស្ដួចស្ដើងក៏ពិតមែន ប៉ុន្ដែវាជាទឹកចិត្ដមនុស្សធម៌ដ៏ស្មោះស្ម័គ្ររបស់ពួកគេ ក្នុងការជួយដល់ប្រជាជន ដែលកំពុងរងគ្រោះរបស់កម្ពុជា ហើយជំនួយនេះ បើសរុបជាទឹកប្រាក់ មានចំនួន៣៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ៕

No comments:

Post a Comment